ភ្នំពេញ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវគោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួនដល់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ខិតខំដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងឡាយ នៅឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខ។

គោលការណ៍សំខាន់ៗទាំងនោះរួមមាន ទី១ ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពង្រឹងជំនឿទុកចិត្ត ដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និងការប្រកបឤជីវកម្មនៅកម្ពុជា ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ទី២ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជាជនចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ ឤជីវកម្មរ៉ែ និង ឤជីវកម្មខ្សាច់ខុសច្បាប់ និង ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ៘ ទី៣ អំពីបញ្ហាចរាចរណ៍ ដោយសារឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ទាំងចំនួនអ្នកស្លាប់ និង អ្នករងរបួស ។ ដូច្នេះ កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចនានា ត្រូវ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ។ទី៤ ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានា ទាក់ទងនឹងកិច្ចការអន្តោប្រវេស្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និង សណ្តាប់ធ្នាប់ក្នុងសង្គម តាមរយៈការបង្កើន ការគ្រប់គ្រងឱ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្ត ស្របតាមច្បាប់។ ទី៥ ត្រូវបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការ ដោយរលូន និង មានប្រសិទ្ធភាព ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែងប្រើប្រាស់មុខងារ និងធនធាន ដែលបានផ្ទេរ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។ ទី៦ ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង នគរបាលជាតិ និង មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង ថ្មីៗ ជាពិសេសសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និង សេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែលពាក់ព័ន្ធជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់។ ទី៧ តាមការព្យាករណ៍ឆ្នាំនេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សា នឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការ ត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ ដោយផ្អែក តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យ មកលើផ្ទះសម្បែង ចំការដំណាំនានា និង ចូលរួមបង្ការទប់ស្កាត់ ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានា នៅរដូវប្រាំងក្តៅហួតហែងនេះ។ ទី៨ ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើន សកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈម និង សំណូមពរទាំងឡាយរបស់ប្រជាជន ឱ្យបានសមស្រប និង ទាន់ពេលវេលា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាអនុវត្តន៍សម្រេចបានសមិទ្ធផល នានាជាច្រើន គួរជាទីមោទនៈកាលពីឆ្នាំ ២០១៩កន្លងមក។ សម្ដេចតេជោក៏បានសម្ដែងនូវការជឿជាក់ផងដែរថា ក្រសួងមហាផ្ទៃនឹងបន្តពុះពារសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ និង បណ្តាឆ្នាំខាងមុខទៀត៕

0 Comments:
Post a Comment