នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក សៅ សុភាព រដ្ឋលេខាធិការនៃ ក្រសួងបរិស្ថានបានជួបពិភាក្សាការងារ ជាមួយភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Benjamin Knodler រួមជាមួយនឹងតំណាងអង្គការ KONRAD, GIZ និងក្រុមធុរកិច្ចអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនៃការវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា។

ក្នុងឱកាសនេះដែរ លោក សៅ សុភាព បានជម្រាបជូនភាគីអាល្លឺម៉ង់ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានរបស់ក្រសួងបរិស្ថានលើការងារកំណែទម្រង់ការគ្រប់គ្រងសំរាម សំណល់រឹង ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលលើការរៀបចំប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងសំរាម សំណល់រឹងពីដើមខ្សែដល់ចុងខ្សែសម្រាប់រាជធានីភ្នំពេញ។
ជាលទ្ធផលនៃកិច្ចពិភាក្សា តំណាងភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងគ្នា តាមរយៈ បន្តកិច្ចពិភាក្សា អំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា និងអញ្ជើញប្រតិភូក្រសួងបរិស្ថានទស្សនកិច្ចសិក្សានៅប្រទេសអល្លឺម៉ង់ និងចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយអង្គការ KONRAD និងភាគីអល្លឺម៉ង នៅកម្ពុជា ពាក់ព័ន្ធនឹងធុរកិច្ចនៃការគ្រប់គ្រង សំរាម សំណល់រឹង៕ ពុម្ពសែន

0 Comments:
Post a Comment