-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ក្រុមប្លន់ប្រដាប់អាវុធក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបង្ក្រាបបានចំនួន៦នាក់ នៅខណ្ឌច្បារអំពៅ, ដកហូតកាំភ្លើងខ្លី២ដើម, ម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀត

ចំនួនអ្នកទស្សនា: Views

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ការបង្ក្រាបនេះធ្វើឡើងនាយប់ថ្ងៃទី២៩ ខែឧសភា នៅចំណុចផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលពួកគេធ្លាប់ធ្វើសកម្មភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ដែលចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកដឹកនាំប្រតិបត្តិការ។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ អាយុ៤៦ឆ្នាំ, ទី២៖ ឈ្មោះ ហុក ណារិន អាយុ២៩ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាន ព្រឹមព្រៃ អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ ហ៊ុយ សុខា អាយុ៦៣ឆ្នាំ, ទី៥៖ ឈ្មោះ ជា រ៉ាន់ អាយុ៤៥ឆ្នាំ និងទី៦៖ ឈ្មោះ ទឹក សាអ៊ុ អាយុ៥២ឆ្នាំ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក K59 ចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទចំនួន៥គ្រឿង និងម្សៅក្រាមពណ៍ស ចំនួន៥កញ្ចប់ធំ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជូនរួមជាតិចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បង្ហោះសារភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍មួយសន្លឹកតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់ជូនរួមជាតិ ចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា បើទោះបីពេលនេះអត្រាឆ្លង នៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ តែបងប្អូនជនរួមជាតិ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ បើទោះបីពេលនេះអត្រាឆ្លង នៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ យើងមិនបានភ្លេចទេ ពីការតស៊ូលំបាកគ្រប់យ៉ាងកាល ពីមុនចាប់តាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកដល់សព្វថ្ងៃ។
សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំ និងក្រុមគ្រួសារ ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំ ក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនឲ្យរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែសនឹងការមើលស្រាល ចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩នោះទេ។ អរគុណបងប្អូនជនរួមជាតិ ក្នុងការចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា»
សូមជម្រាបថា គិតមកដល់ពេលនេះ នៅកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់កំពុងទទួលការព្យាបាល៕

កុមារជាង៣ម៉ឺននាក់ បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងខែឧសភា !

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា នៅក្នុងខែឧសភា កុមារឈឺចំនួន៣២០០៤នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។

ជាមួយគ្នានេះ កុមារមានជំងឺធ្ងន់ៗចំនួន៧,៩៣៦នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយឡែកកុមារចំនួន ១៣៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ កុមារចំនួន១,៧៣៩នាក់ ត្រូវបានទទួលការវះកាត់។ វះកាត់បេះដូង និងដ្បិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន៦៨នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។
ស្ថិតក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាសូមអំពាវនាវដល់មាតាបិតា មេត្តាចូលរួមការពារ បុត្រធីតា ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

យល់ដឹងផ្នែកច្បាប់៖ សេចក្ដីចម្រើនដោយឥតហេតុ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នីតិរដ្ឋប្បវេណី ជាគោលការណ៍សំខាន់មួយសម្រាប់គ្រប់គ្រងសកម្មភាព ផ្នែករដ្ឋប្បវេណីរបស់បុគ្គលគ្រប់រូប ជាពិសេសផ្ដល់ឲ្យគ្រប់គ្នានូវសិទ្ធិ ករណីយកិច្ច ចំពោះមុខច្បាប់ក្នុងករណីមានទំនាក់ទំនងគតិយុត្តណាមួយកើតឡើង ក្នុងគោលបំណងការពារនូវផលប្រយោជន៍ស្របច្បាប់របស់បុគ្គលគ្រប់គ្នា។

ក្នុងករណីដែលបុគ្គលណាម្នាក់ទទួលបានផលប្រយោជន៍ ហើយធ្វើឲ្យបុគ្គលម្នាក់ទៀតបាត់បង់ផលប្រយោជន៍របស់ខ្លួន ដោយមិនមានមូលហេតុគតិយុត្តណាមួយទេ នោះច្បាប់ផ្ដល់សិទ្ធិឲ្យអ្នកដែលបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារផលប្រយោជន៍របស់ខ្លួនពីអ្នកទទួលបានផលប្រយោជន៍នោះយកមកវិញបាន ហើយអ្នកដែលទទួលបានផលប្រយោជន៍នោះ ត្រូវប្រគល់ត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួល។ ទាក់ទងនឹងសកម្មភាពបែបនេះ គឺមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីថាជា «សេចក្ដីចម្រើនដោយឥតហេតុ»

ដូចនេះតើអ្វីទៅជាសេចក្ដីចម្រើនដោយឥតហេតុ? ហើយចុះអ្នកដែលទទួលផលប្រយោជន៍ដែលស្ដែងចេញពីសេចក្ដីចម្រើនដោយឥតហេតុ ត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់អ្វីខ្លះ?
ដើម្បីជ្រាបកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទមួយស្ដីអំពី «សេចក្ដីចម្រើនដោយឥតហេតុ» មកចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិតដូចតទៅ៖
តាមគោលការណ៍រដ្ឋប្បវេណី សេចក្ដីចម្រើនដោយឥតហេតុ សំដៅលើការទទួលបានផលប្រយោជន៍ដោយ សារទ្រព្យសម្បត្តិ ឬកម្លាំងពលកម្មរបស់អ្នកដទៃដោយគ្មានមូលហេតុតាមផ្លូវច្បាប់ ហើយការទទួលបានផលប្រយោជន៍នោះធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ។ គ្រប់ផលប្រយោជន៍ទាំងអស់មានសណ្ឋានជារូបិយ និង អរូបិយ ដោយផលរូបិយអាចជា ចលនវត្ថុ ឬ អចលនវត្ថុ ចំណែកឯផលអរូបិយវិញ អាចទទួលបានតាមរយៈការប្រើប្រាស់ ឬ ដោយការចាត់ចែងនៃផលប្រយោជន៍នោះ ដោយយើងអាចកំណត់បានថាផលរូបិយធៀបទៅនឹងទ្រព្យសម្បត្តិ រីឯផលអរូបិយធៀបទៅនឹងកម្លាំងពលកម្មជាដើម។
លក្ខខណ្ឌដែលអាចត្រូវបានកំណត់ថាជាសេចក្ដីចម្រើនដោយឥតហេតុអាចត្រូវបានមើលឃើញក្រោមរូបភាពដូចខាងក្រោម៖
១៖ ការសងដោយគ្មានកាតព្វកិច្ច៖
ចំពោះបុគ្គលណាដែលគ្មានកាតព្វកិច្ច ហើយបានសងនូវកាតព្វកិច្ចនោះ បុគ្គលនោះត្រូវចាត់ទុកថារងនូវការបាត់បង់ផលប្រយោជន៍។ ផ្ទុយទៅវិញប្រសិនបើបុគ្គលណាដែលគ្មានសិទ្ធិលើបំណុល ហើយ បានទទួលការសងចំពោះសិទ្ធិលើបំណុលនោះ បុគ្គលនោះត្រូវចាត់ទុកថាបានទទួលផលប្រយោជន៍ដោយគ្មានមូលហេតុផ្លូវច្បាប់។ ជារួមក្នុងករណីនេះបុគ្គលដែលបានបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារឲ្យសងនូវតាវកាលិក(ជាសកម្មភាព ឬជាវត្ថុ) ដែលខ្លួនបានផ្ដល់ជាការសងមកវិញបានក៏ប៉ុន្ដែលើកលែងចំពោះបុគ្គលដែលបានសងកាតព្វកិច្ចដោយដឹងអំពីនត្ថិភាពនៃកាតព្វកិច្ចនោះ ។
២៖ ការសងកាតព្វកិច្ចរបស់អ្នកដទៃ៖
ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានកាតព្វកិច្ចក្នុងការសងលើបំណុល ហើយបានសងកាតព្វកិច្ចលើបំណុលនោះទៅម្ចាស់បំណុល ដោយការភាន់ច្រឡំពីកាតព្វកិច្ចរបស់អ្នកដទៃ ដែលមានភាពស្រដៀងនឹងកាតព្វកិច្ចរបស់ខ្លួន បុគ្គលនោះអាចទាមទារឲ្យសងមកវិញនូវកម្រិតតាវកាលិកដែលខ្លួនបានផ្ដល់ឲ្យពីម្ចាស់បំណុលបាន។ ក៏ប៉ុន្ដែប្រសិនបើបុគ្គលនោះបាន សងកាតព្វកិច្ចលើបំណុលទៅឲ្យម្ចាស់បំណុលដោយការភាន់ច្រឡំ ហើយម្ចាស់បំណុលមិនបានដឹង ដោយយល់ថាការសងនោះមានសុពលភាពព្រមទាំងបានបំផ្លាញចោលនូវ ឯកសារគតិយុត្តដែលអាចបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុលចោល នោះអ្នកសងមិនអាចទាមទារតាវកាលិកនោះមកវិញបានឡើយ។
៣៖ ការសងនៅមុនកំណត់ពេល៖
ជាគោលការណ៍ច្បាប់ បើទោះបីជាកូនបំណុល បានសងកាតព្វកិច្ចមុនពេលកំណត់ក៏ដោយ ក៏កូនបំណុលមិនអាចទាមទារនូវតាវកាលិកដែលបានផ្ដល់ឲ្យម្ចាស់បំណុលមកវិញបានឡើយ។ ប៉ុន្តែប្រសិនបើ កូនបំណុលបានសងកាតព្វកិច្ចដោយមិនបានដឹងអំពីពេលកំណត់មិនទាន់មកដល់ នោះកូនបំណុលអាចធ្វើការទាមទារឲ្យសងនូវផលប្រយោជន៍ ដែលម្ចាស់បំណុលអាចប្រើប្រាស់តាវកាលិកដែលខ្លួនបានទទួលមុនពេលកំណត់សង រហូតដល់ពេលកំណត់សងពីម្ចាស់ បំណុលបាន។
៤៖ ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់៖
ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់ អាចកើតឡើងក្នុងករណីកិច្ចសន្យាត្រូវមោឃៈដោយសារភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ ហេតុនេះប្រសិនបើមានការទាមទារដែលមានសកម្មភាពប្រឆាំងនឹងសង្គម នោះនឹងមានការបដិសេធចំពោះការទាមទារឲ្យសងនូវតាវកាលិក។
ដូចនេះប្រសិនបើគេរកឃើញថា ផលប្រយោជន៍ដែលបុគ្គលណាមួយទទួលបាននោះតាមរយៈសេចក្ដីចម្រើនដោយឥតហេតុ នោះច្បាប់តម្រូវឲ្យបុគ្គលដែលទទួលបានផលប្រយោជន៍នោះ សងត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួលទៅឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍ និងផ្ដល់សិទ្ធិឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍នោះអាចទាមទារមកវិញនូវអ្វីដែលខ្លួនបានបាត់បង់ ដោយគ្មានមូលហេតុតាមផ្លូវច្បាប់នោះ។
លក្ខខណ្ឌនៃការសងត្រឡប់ទៅវិញ នឹងត្រូវកំណត់ដូចខាងក្រោម៖
១៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយសុចរិត៖
ចំពោះកាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយសារទ្រព្យសម្បតិ្ត ឬកម្លាំងពលកម្មរបស់អ្នកដទៃ បើទោះជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ ក៏អ្នកទទួលផលប្រយោជន៍ត្រូវមានកាតព្វកិច្ច សងផលប្រយោជន៍ទាំងនោះទៅអ្នកបាត់បង់ផលប្រយោជន៍វិញ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងគោលការណ៍ច្បាប់ក៏មានការយោគយល់ដែរ ចំពោះអ្នកទទួលផលប្រយោជន៍ដែលទទួល រងនូវការខូចខាតនៅពេលដែលត្រូវបង្គាប់ឱ្យសងទៅវិញ នូវផលប្រយោជន៍ដែលគាត់ទទួលបានក្រោយពេលបរិភោគផលប្រយោជន៍នោះរួច នោះគាត់ត្រូវសងទៅវិញត្រឹមតែផលប្រយោជន៍ដែលមានតែប៉ុណ្ណោះ ប្រសិនបើគាត់សុចរិត។
២៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយទុច្ចរិត៖
ប្រសិនបើអ្នកទទួលផលប្រយោជន៍នោះទុច្ចរិត ព្រមទាំងបានដឹងថាខ្លួនបានទទួលផលប្រយោជន៍ដែលគ្មានមូលហេតុគតិយុត្តពីអ្នកដទៃ ហើយធ្វើឱ្យខូចខាតផលប្រយោជន៍របស់អ្នកដទៃទៀតនោះ អ្នកទទួលផលប្រយោជន៍ត្រូវសងនូវសំណងនៃការខូចខាត រួមទាំងការប្រាក់នៃផលប្រយោជន៍នោះទៅអ្នកខូចខាត ឬបាត់បង់ផលប្រយោជន៍វិញ។
សរុបមក សេចក្ដីចម្រើនដោយឥតហេតុ មានការផ្សារភ្ជាប់ជាមួយនឹងកិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ហេតុនេះនាំឲ្យកើតមានទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរវាងម្ចាស់បំណុល ជាមួយកូនបំណុលដើម្បីបង្កើតបានជាកាតព្វកិច្ចការពារការខ្វែងគំនិតគ្នានៅពេលមានការបាត់បង់នូវផលប្រយោជន៍ ឬទទួលបានផលប្រយោជន៍ណាមួយដោយគ្មានមូលហេតុត្រឹមត្រូវតាមផ្លូវច្បាប់ពីបុគ្គលដទៃ។
បន្ថែមពីនេះ ក្រមរដ្ឋប្បវេណី មាត្រា៧៣៦ ដល់ ៧៤១ ចែងឡើងដើម្បីការពារផលប្រយោជន៍របស់បុគ្គលដែលទទួលរងនូវផលប៉ះពាល់ដោយសេចក្ដីចម្រើនដោយឥតហេតុ រួមទាំងកត្តាមួយចំនួនដែលកើតចេញពី មូលហេតុខាងលើនេះ ហើយនាំឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អរបស់សង្គម ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

គ្រោះធម្មជាតិ! ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យរបើកដំបូលផ្ទះចំនួន ៤ខ្នង និងរន្ទះបាញ់ងាប់គោ ក្របីសរុប៥ក្បាល នៅខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views


(កំពង់ឆ្នាំង)៖ ផ្ទះ៤ខ្នងត្រូវបានប៉ើងដំបូល និងរោងចិញ្ចឹមមាន់ ១កន្លែងបានដួលរលំ រីឯសត្វគោ២ក្បាល និងក្របី៣ក្បាល ត្រូវបានរន្ទះបាញ់បណ្តាលងាប់ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ដែលមានភ្លៀងខ្យល់កន្ត្រាក់ផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង រួមមាន៖ ស្រុកបរិបូណ៍ ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង។
*នៅស្រុកបរិបូណ៍៖ មានភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះចំនួន១ខ្នង នៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង
*នៅស្រុកកំពង់ត្រឡាច៖ មានភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង និងរលំរោងមាន់០១កន្លែង ទំហំ ៤×៦ម៉ែត្រ នៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី
*គោ០២ក្បាលរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ត្រូវបានរន្ទះបាញ់ងាប់ ខណៈដែលកំពុងដើរស៊ីស្មៅកណ្ដាលភ្លៀង។
ព័ត៌មានដែលយើងទទួលបានពីសមត្ថកិច្ចនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានភ្លៀង និងខ្យល់ រួមទាំងផ្គររន្ទះ។ ខណៈនោះសត្វក្របី០៣ក្បាលរបស់ប្រជាពលរដ្ឋ ដែលចងក្រោមដើមឈើនៅចំណុចពោតានន ស្ថិតក្នុងភូមិត្អួររលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ត្រូវបានរន្ទះបាញ់ងាប់ផងដែរ។
ករណីគ្រោះធម្មជាតិ បង្កភាពមហន្តរាយកើតឡើង ទៅលើស្រុកទាំង ៣ក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់ខាងលើនេះ គឺបានកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ដំណាលគ្នាក្នុងថ្ងៃតែមួយ។
រដូវនេះជារដូវវស្សាដែលមានភ្លៀង និងខ្យល់កន្ត្រាក់ រួមទាំងមានផ្គររន្ទះផងនោះ ដូច្នេះសូមប្រជាពលរដ្ឋយើងទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិទាំងនេះ ពិសេសប្រជាពលរដ្ឋរស់នៅតាមស្រុកស្រែចំការ ដែលងាយរងគ្រោះពីគ្រាះធម្មជាតិខាងលើនេះ៕

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការងារតាមបណ្តាមន្ទីរខេត្ត តំបន់ជុំវិញទន្លេសាប

ចំនួនអ្នកទស្សនា: Views


(កំពង់ឆ្នាំង)៖ ក្នុ្ងងដំណើរចុះពិនិត្យការបំពេញភារកិច្ចរបស់មន្ទីរមុខងារសាធារណៈខេត្តទាំង០៧ ស្ថិតនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការី បានចំណាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២០ ដោយចាប់ផ្តើមពីខេត្តកំពង់ធំ មកខេត្តសៀមរាប បន្តមក ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ រហូតដល់កំពង់ឆ្នាំង។
ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពអាគារ ទីកន្លែង មធ្យោបាយបំពេញការងារ លោករដ្ឋមន្ត្រី និងសហការីក៏បានជួបសំណេះសំណាលលើកទឹកចិត្ត មន្ត្រីរាជការទាំងអស់ដែលកំពុងបំពេញការងារតាមមន្ទីរនីមួយៗ ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃមុខនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ផ្នែកមុខងារសាធារណៈ ដែលជាតួអង្គសំខាន់មួយមិនអាចខ្វះបាន នៃការអនុវត្តនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌ រដ្ឋបាលដែនដីនៅថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃខេត្តនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវចាត់ទុកមន្ទីរមុខងារសាធារណៈ ជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល លើការកែទម្រង់វិស័យអាទិភាពជាអាទិ៍ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ។ល។
ក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរមុខងារសាធារណៈត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការអនុវត្តដោយប្រសិទ្ធភាពក្នុងស្មារតីសន្សំសំចៃខ្ពស់នូវការប្រើប្រាស់ ក្របខ័ណ្ឌ បុគ្គលិក ថវិការដ្ឋ ចៀសវាងដាច់ខាតបាតុភាព ធូរលុង ខ្ជះខ្ជាយធនធានមនុស្ស និងធនធានហិរញ្ញវត្ថុរបស់ជាតិ។
ពុះពាររាល់ការលំបាក ប្រឹងប្រែងបំពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត ដោយជឿជាក់យ៉ាងមុតមាំថា កម្លាំងសាមគ្គីប្រជាជាតិយើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់ការលំបាកដែលជាផលប៉ះពាល់នៃវបត្តិកូវីដ១៩ នាំសង្គមជាតិយើងវិលត្រឡប់ឆាប់រហ័សទៅកាន់ប្រក្រតីភាពធម្មតាឡើងវិញ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់អានាគតរុងរឿងរបស់មនុស្សជំនាន់នេះ និងជំនាន់ក្រោយទៀត ជារៀងដរាប៕

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០៤នាក់ ទៅតុលាការ ករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស

ចំនួនអ្នកទស្សនា: Views


សៀមរាប៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តសៀមរាប។
នគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់នេះ ដែលកម្លាំងនគរបាលធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មាន៖១-ឈ្មោះ TAN CHOUN CHEAT ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ម៉ាឡេសុី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។២-ឈ្មោះ LING WEIKIAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣-ឈ្មោះ TAN KAS CHIM ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។៤-ឈ្មោះ អេល ពូសស្តាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកបកប្រែ ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយការសាកសួរជនសង្ស័យទាំង ០៤នាក់ ត្រូវបានលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស៕

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព

ចំនួនអ្នកទស្សនា: Views

នេះបើតាមសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ដអនុវត្ដ សេចក្ដីណែនាំក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារ មានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទៅជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែងឃុំឃាំងទាំងអស់»
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងរកលទ្ធភាព ក្នុងការធ្វើយ៉ាងណា ឲ្យមានគ្រប់រូប នៅគ្រប់កន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា នៅក្នុងកំឡុងពេលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាល់វិធានការ ដែលបានដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការជំងឺកូវីដ១៩នេះ ត្រូវគិតទៅដល់ឧត្តម ប្រយោជន៍ របស់កុមារគ្រប់រូបជាចម្រង ជាពិសេសកុមារ រស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែង ឃុំឃាំងទាំងអស់។ ហើយត្រូវយកចិត្តទុកដាក់ លើការគាំទ្រសុខភាពផ្លូវចិត្ត និងកាយរបស់កុមារ ដែរទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារ ចូលរួមក្នុងសេចក្ដី សម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់ដល់កុមារ។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ក៏បានប្រាប់ឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារ ពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងធ្វើឲ្យកុមារយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យ អំពីការរំលោភបំពានតាមគ្រប់រូបភាព។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្ត អនុសញ្ញាស្នូល នៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ បើកកម្ពស់ការយល់ដឹងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការ អធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ៕

ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ) ៖កាលវេលាម៉ោង០៩និង០០នាទី ថ្ងៃច័ន្ទ ០៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។
    លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញក្នុងពិធីប្រកាសបើក ” យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត” នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ ។


ក្នុងឱកាសនោះ លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានអានសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់សមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បើកកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ: ០១ កយ.សណន/២០ របស់ក្រសួងយុត្តិធម៌ បានដាក់ចេញនូវ “យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។

ក្នុងគោលបំណងពន្លឿការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ ។ ដើម្បីធានាឱ្យយុទ្ធនាការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងដោយផ្អែកលើស្មារតី នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងសារាចរពាក់ព័ន្ធនានា ក្រសួងយុត្តិធម៌ បានធ្វើការណែនាំ នូវគោលការណ៍សំខាន់ៗ ចំនួន០៣ ៖
១.អំពីគោលការណ៍ នៅដំណាក់កាលអយ្យការ
២.អំពីគោលការណ៍ នៅក្នុងដំណាក់កាលស៊ើបសួរ
៣.អំពីគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ៕






រមណីយដ្ឋាន «ភ្នំប្រាំពីរ» នៅខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាល បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

ចំនួនអ្នកទស្សនា: Views

យោងតាមអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌភ្នំប្រាំពីរ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ» ស្ថិតលើផ្ទៃដី ៣៥៣ហិកតា និង៩អា (៣៥៣,៩ហិចតា)។
ក្នុងអនុក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា បានគូសបញ្ជាក់ថា ការបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតតំបន់បេតិកភណ្ឌធម្មជាតិ មានគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៉ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ
និងការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
ការសម្រេចបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់បេតិកភណ្ឌធម្មជាតិនេះ ក៏មានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
ក្នុងអនុក្រឹត្យ បានកំណត់ឱ្យក្រសួងបរិស្ថាន ជាអ្នកមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំពីរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ រមណីយដ្ឋានភ្នំប្រាំពីរ ជារមណីយដ្ឋានមួយតភ្ជាប់គ្នាដោយភ្នំចំនួន៧ ហើយមានទេសភាពដ៏ល្អប្រណីត។
នៅរមណីយដ្ឋានភ្នំប្រាំពីរនេះ មានល្អាងធំៗចំនួន៣៖
១៖ ល្អាង១០០៖ ក្នុងល្អាងនេះមានល្អាងតូចៗជាច្រើនរួមមាន ដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ល្អាងទាំងនេះ មានភាពស័ក្តិសិទ្ធិបន់ស្រន់សុំសេចក្តីសុខ ហើយពីមុនជារៀងរាល់ថ្ងៃសីល អ្នកភូមិក្បែរនោះតែងតែលឺភ្លេងពិនពាទ្យចេញពីក្នុងល្អាងមួយរយ។ នៅច្រកចូលល្អាង១០០ មានរូបសំណាកលោកយាយសំ ដែលអ្នកស្រុកបន់ស្រន់ និងមានភាពស័ក្តិសិទ្ធិ។
២៖ ល្អាងខ្យល់៖ មានថ្លុកទឹកដក់ធ្លាក់តក់ៗពីលើរហូត (ស័ក្តសិទ្ធ) មិនចេះរីងស្ងួត។ ពីមុនលោកឪចៅអធិការវត្តភ្នំសត្តគិរី ហៅវត្តភ្នំប្រាំពីរ ធ្លាប់ឃើញសត្វមានគេកាន់ (សត្វនាគទំហំប៉ុនសសរវត្តក្នុងល្អាងខ្យល់ និងសត្វខ្លាមួយគូធំអង្គុយមុខល្អាងខ្យល់)។
៣៖ ល្អាងឥសី៖ មានថ្មធម្មជាតិមួយដែលមានរូបរាងដូចរូបតាឥសី តែត្រូវគេលួចយកទៅបាត់។ ក្រៅពីល្អាងមានរូបព្រះពុទ្ធបដិមាករមួយដ៏ធំដែលទើបសាង់សង់ នៅចង្កេះភ្នំ ដើម្បីគោរពបូជា។
មានរឿងដំណាលថា ភ្នំប្រាំពីរធ្លាប់ជាសំពៅ ១គ្រឿងដែលកឿង ហើយក្រោយមកគេហៅតំបន់នេះថា តំបន់សំពៅលូន។ ភ្នំប្រាំពីរ ជាកន្លែងប្រវត្តិសាស្ត្រ ព្រោះមានបន្ទាយទ័ពចាស់ស្ថិតនៅចំពីលើកំពូលភ្នំខ្ពស់ជាងគេ។
ផ្នែកជីវ:ចម្រុះភ្នំប្រាំពីរ ជាជម្រកនៃសត្វទោច (ពណ៌ខ្មៅ) ស្វា ពពែភ្នំ ឈ្លូស កាំប្រម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ ជាដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅល្អច្រើន។
មានគេដំណាលថា នៅលើភ្នំនេះ មានដើមម្ទេសមួយដើមទំហំបីឱបមនុស្សធំ និងមានផ្លែទំហំប៉ុនម្រាមដៃ ដុះនៅចំពីលើកំពូលភ្នំដែលខ្ពស់ជាងគេ។ ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ ភ្នំប្រាំពីរ ជាភ្នំធម្មជាតិដែលមានថ្មកែវ ថ្មថ្លើមអណ្តើក ថ្មក្រានីត និងថ្មកំបោរ។
ដើម្បីទៅដល់រមណីយដ្ឋានភ្នំប្រាំពីរ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧បេ។ បើធ្វើដំណើរតាមរថយន្ត គេត្រូវចំណាយពេលប្រមាណ ១ម៉ោង និង៤៥នាទី ពីក្រុងបាត់ដំបង៕

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436