ភ្នំពេញ; ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានជួបពិភាក្សាជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាតាំងពីសម័យបុរាណ ដូចជាប្រវត្តិសាស្រ្ដ អក្សរសាស្រ្ដ ភាសា សាសនា និងវប្បធម៌។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋឥណ្ឌា ដែលបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់គម្រោង និងសកម្មភាពរបស់សាធារណៈរដ្ឋឥណ្ឌា ទាក់ទងទៅនឹងវិស័យអប់រំ។
ជាមួយគ្នានេះដែរលោកជំទាវឯកអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើកឡើងអំពីការស្នើសុំក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាគម្រោងទាក់ទងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងការបង្កើតក្រុមការងារជាមួយក្រសួងពាក់ព័ន្ធនានា។ លោកជំទាវបន្ដថា កន្លងមកសាធារណរដ្ឋឥណ្ឌា តែងផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ៕ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ





0 Comments:
Post a Comment