Thursday, May 28, 2020

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព

អ្នកទស្សនា: Views
នេះបើតាមសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ដអនុវត្ដ សេចក្ដីណែនាំក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារ មានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទៅជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែងឃុំឃាំងទាំងអស់»
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងរកលទ្ធភាព ក្នុងការធ្វើយ៉ាងណា ឲ្យមានគ្រប់រូប នៅគ្រប់កន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា នៅក្នុងកំឡុងពេលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាល់វិធានការ ដែលបានដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការជំងឺកូវីដ១៩នេះ ត្រូវគិតទៅដល់ឧត្តម ប្រយោជន៍ របស់កុមារគ្រប់រូបជាចម្រង ជាពិសេសកុមារ រស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែង ឃុំឃាំងទាំងអស់។ ហើយត្រូវយកចិត្តទុកដាក់ លើការគាំទ្រសុខភាពផ្លូវចិត្ត និងកាយរបស់កុមារ ដែរទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារ ចូលរួមក្នុងសេចក្ដី សម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់ដល់កុមារ។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ក៏បានប្រាប់ឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារ ពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងធ្វើឲ្យកុមារយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យ អំពីការរំលោភបំពានតាមគ្រប់រូបភាព។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្ត អនុសញ្ញាស្នូល នៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ បើកកម្ពស់ការយល់ដឹងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការ អធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ៕

0 comments:

Post a Comment